សំបុត្រ​ស្នេហ៍​ស្រី​តូច

សំបុត្រ​ស្នេហ៍​ស្រី​តូច


កំពង់ចាម ឆ្នាំ1991 ក្មេង​ស្រី​ឈ្មោះ​មាណវី អាយុ​៨​ឆ្នាំ ​រៀន​ថ្នាក់​ទី​៣​នៃ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ក្រុង​កំពង់​ចាម ជា​កូនស្រី​ទោល​របស់​លោក សេដ្ឋា និង អ្នកស្រី​ចរិយា ដែល​ជា​គ្រួសារ​មួយ​មាន​ជីវភាព​មធ្យម​ដោយ​លោក​ជា​បុគ្គលិក​រដ្ឋ ហើយ​អ្នកស្រី​ជា​គ្រូបង្រៀន​ថ្នាក់​មធ្យម​សិក្សា។ មាណវី​ជា​ក្មេង​ស្រី​ស្អាត​កាត់​ទៅ​រក​ម្ដាយ​បេះបិទ ហើយ​ឆ្លាត​ទៀត​ផង​ គ្រាន់តែ​ឆ្នាស​បន្តិច នៅ​សាលា​អ្នក​ណាៗ​ក៏​ហៅ​នាង​ថា​ជា​ស្រី​ឆ្នាស​ដែរ ជា​ពិសេស​គឺ ចំណាន​ដែល​ជា​ក្មេង​ប្រុស រៀន​នៅ​ថ្នាក់​ទី​៥​សាលា​ជាមួយ​គ្នា។ ចំណាន​គឺ​ជា​កូនប្រុស​របស់​លោក ចំរ៉ុង​ដែល​ជា​បុរស​ពោះម៉ាយ ប្រពន្ធ​ស្លាប់​ចោល ហើយ​គាត់​ក៏​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ឪពុក​ម្ដាយ​មាណវី​ដែរ។ ដូច្នេះ​ហើយ​ទើប​ពួកគេ​ស្គាល់​គ្នា​ តែ​មិន​ដែល​ត្រូវ​គ្នា​ទេ​ ដោយសារ​មាណវី​មិន​ចូលចិត្ត​ចរិត ចូល​ចិត្ត​ញ៉ោះ​របស់​ចំណាន។ ប៉ុន្តែ​ថ្ងៃមួយ​ពេល​ដែល​មាណវី​កំពុង​ឈរ​ចាំ​ប៉ា​ម៉ាក់​មក​ទទួល​ទៅផ្ទះ ​ក៏​ស្រាប់​តែ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​បាន​មក​បម្រុង​ខាំ​នាង​ ចៃដន្យ​ចំណាន​មក​ទាន់​ក៏​បាន​មក​ជួយ​ដេញ​ឆ្កែ​ឱ្យ​ តែ​ដោយ​ចិត្ត​ស្អប់​ចំណាន​ផង​ នាង​ក៏​បាន​អគុណ​គេ​ទាំង​សំឡេង​មិនសូវ​ពីរោះ ធ្វើ​ឱ្យ​ចំណាន​តាម​និយាយ​ផ្ចាញ់ផ្ចាល​នាង​រហូត​ថា​នាង​ជា​មនុស្ស​រមិលគុណ។ ​ក្រោយមក​មួយ​រយៈ​ទើប​ម្ដាយ​មាណវី​ដឹង​ថា ​ចំណាន​ជា​អ្នក​ជួយ​នាង​ហើយ​មិនទាន់​ទទួល​បាន​ការ​អគុណ​ពី​កូនស្រី​គាត់​ ទើប​គាត់​និយាយ​ពន្យល់​កូន​ឱ្យ​ស្គាល់​គុណ​ទោស ល្អ​អាក្រក់ ពេល​នោះ​ទើប​នាង​ដឹង​ថា​នាង​បាន​ធ្វើ​ខុស ដោយ​មិនបាន​អគុណ​គេ​ដោយ​សុទ្ធចិត្ត។ ដោយ​មិន​ហ៊ាន​ហា​មាត់​និយាយ​ដោយ​ផ្ទាល់ ​នាង​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​ឱ្យ​ចំណាន​ នៅ​ថ្ងៃ​ដែល​នាង​ត្រូវ​ចាកចេញ​ពីសា​លា។