មេផ្ទះ​លេខ​មួយ

មេផ្ទះ​លេខ​មួយ


​ម៉ូតូ​កង់​បី​មួយ​បាន​ជិះ​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​វិឡា​ធំ​ល្មម​មួយ​កន្លែង នារី​វ័យក្មេង​ម្នាក់​ចុះ​មក​ដោយ​មាន​កាន់​កាបូប​ខោ​អាវ​តូច​មួយ​នៅ​នឹង​ដៃ នាង​ឱ្យ​​លុយ​ថ្លៃ​ធ្វើ​ដំណើរ​ រួច​ក៏​បើក​ទ្វារ​​របង​ដើរ​ចូល​ទៅ​មុខ​ស្អាត​ញញឹម​ស្រាល ពេល​ឃើញ​ឡាន​របស់​ឪពុក​ចត​នៅត្រង់​រោង​ឡាន ដោយសារ​ថ្ងៃ​នេះ​ជា​ថ្ងៃអាទិត្យ​ប៉ា​របស់​នាង​មិន​បាន​ទៅ​ធ្វើការ មើល​ទៅ​គាត់​អាច​កំពុង​អង្គុយលេង​ជាមួយ​ម្ដាយ​របស់​នាង​ឬ​កំពុង​មើល​ទូរទស្សន៍​​ក៏​ថា​បាន ហើយ​ការ​ប៉ាន់ស្មាន​នោះ​ត្រឹមត្រូវ​ដូច​មាន​ភ្នែក​ទិព្វ ព្រោះ​គ្រាន់តែ​ចូល​ទៅដល់​ភ្លាម​ ក៏​ឮ​ប៉ា​ម៉ាក់​នាង​កំពុង​និយាយ​ជាមួយ​គ្នា​ទៅ​ហើយ បូរមី​ដើរ​ចូល​ទៅ​ព្រម​ទាំង​និយាយ​ជា​ការ​ផ្ដល់​ដំណឹង​ដល់​អ្នកមានគុណ​ទាំងពីរ​ថា​នាង​បាន​មកដល់​ហើយ​។​ ​“​កូន​មក​វិញ​ហើយ​” ​ លោក​ម៉ា​រ៉ា​និង​លោកស្រី​សោភា​ផ្អាក​ពាក្យសម្ដី​គ្រប់​យ៉ាង​ ងាកមើល​បុត្រី​ទោល​​ហើយ​បក់ដៃ​ហៅ​នាង​ឱ្យ​​ដើរ​ទៅ​រក​គាត់ ឯ​អ្នក​ដែល​ទើប​មកដល់​ក៏​ដាក់​កាបូប​ចុះ ​រួច​ចូល​ទៅ​ឱប​​ម្ដាយ​ជាប់​ញញឹម​ពេញចិត្ត​ពេល​ម្ដាយ​ចាប់​នាង​ថើប​រាប់​មិន​អស់​។​ ​“​ម៉ីម៉ី​កូន​ទៅ​ដើរលេង​សប្បាយ​ទេ​?” លោក​ម៉ា​រ៉ា​សួរ​កូនស្រី​ដែល​ទើបតែ​មកពី​ខេត្ត​កំពត នោះ​ជា​ដំណើរ​​កម្សាន្ត​បញ្ចប់​ការសិក្សា​របស់​កូនស្រី​គាត់​។​ ​“​អត់​កូន​នឹក​លោកប៉ា​”​ នាង​ថា​ព្រម​ទាំង​លែងដៃ​ពី​ម្ដាយ​​មក​ឱប​​ឪពុក​វិញ​ម្ដង ហើយ​គាត់​ក៏​ឱប​​នាង​ណែន​ដៃ​វិញ​ដែរ​។​ ​“​កូន​ទៅ​ផ្លាស់​ខោរ​អាវ​សិន​​​ទៅ ហើយ​ចាំ​ចុះ​មក​ញ៉ាំ​បាយល្ងាច​ទាំង​អស់​គ្នា ប៉ា​មាន​ការ​និយាយ​ជាមួយ​” លោកស្រី​សោភា​តឿន​កូនស្រី​ដែល​គិតតែ​ពី​ប្រណិប្រណាក់​នឹង​ឪពុក​មិន​ព្រម​ទៅ​ណា​។​ ​“​ចា​ស​…” បូរមី​តប​ទទួល​រួច​ដើរ​ទៅ​ថើប​ថ្ពាល់​អ្នក​ពូកែ​បញ្ជា​ម្ដង​ទៀត ​ទើប​ដើរ​ទៅ​យក​កាបូប​ឡើង​ទៅលើ​។