និស្ស័យស្នេហ៍តែបៃតង
នៅចាំលីលីង តួស្រីនៅក្នុងរឿងនឹកនាតែបៃតងដែរទេ? ចង់ដឹងពីទំនាក់ទំនងរវាងនាងនិងមនុស្សប្រុសដែលនៅក្បែរនាង ចាប់ផ្ដើមដោយរបៀបណាទេ? ហើយគ្រប់យ៉ាងនឹងបញ្ចប់ទៅដោយបែបណា? ចម្លើយនឹងមានបង្ហាញនៅក្នុងវគ្គនេះ។ លើកទីមួយដែលបានជួបជេកនៅប្រលានយន្តហោះ គេបានលង់ស្រលាញ់ខ្ញុំទៅហើយ…។ ថ្ងៃនោះជេកមានតួនាទីជូនប៉ាគេ មកទទួលគ្រួសារខ្ញុំនៅប្រលានយន្តហោះ ចាំបានថាពេលនោះគេសម្លឹងមើលមុខខ្ញុំឡើងភ្លឹក កែវភ្នែករំលេចឡើងនូវភាពទន់ភ្លន់ម្យ៉ាង ដែលខ្ញុំមិនអាចដៅចេញពីអារម្មណ៍មួយនោះគឺជាអ្វីឱ្យប្រាកដ សភាពបែបនេះ ហាក់ដូចជាបានជួបមនុស្សដែលខ្លួនស្រលាញ់។ ជេកគឺជាកូនប្រុសតែម្នាក់ របស់អ៊ំស៊ាងដែលជាមិត្តជិតស្និទ្ធរបស់ប៉ាខ្ញុំ ម៉ាក់របស់ជេកស្លាប់ចោលគេតាំងពីគេនៅតូច។ នៅសម័យសង្គ្រាម ប៉ាធ្លាប់បានជួយជីវិតអ៊ំស៊ាង គុណស្រ័យមួយនេះអ៊ំប្រុសបានចងចាំទុកក្នុងចិត្តជានិច្ច ហើយដល់ពេលនេះ ក៏អាចថាជាឱកាសដែលអាចឱ្យអ៊ំប្រុសសងគុណប៉ាបានហើយ។ នៅលើទឹកដីថ្មី ការរស់នៅក៏ចាប់ផ្ដើមសាជាថ្មី។ ពួកយើងរស់នៅជុំគ្នាក្នុងផ្ទះតែមួយជាមួយគ្នា អ៊ំប្រុសស្រលាញ់ថ្នាក់ថ្នមខ្ញុំទុកដូចជាកូនបង្កើត ចំណែកជេកក៏មើលថែខ្ញុំបានយ៉ាងល្អណាស់ដែរ។ នៅទីនោះអ៊ំប្រុសមានក្រុមហ៊ុនមួយ ដែលជារបស់ខ្លួនឯង ហើយគាត់គឺជានាយកប្រតិបត្តិគ្រប់គ្រងក្រុមហ៊ុននោះផ្ទាល់តែម្ដង។ ប៉ាបានទៅធ្វើការនៅក្នុងក្រុមហ៊ុនជាមួយអ៊ំប្រុស ចំណែកម៉ាក់នៅផ្ទះរៀបចំចាត់ចែងការងារនៅក្នុងផ្ទះ។ ប្រៀបជាមួយការរស់នៅពីមុន អាចនិយាយបានថាខុសប្លែកគ្នាគួរសម។ ពីមុនពេលប៉ាទៅធ្វើការ មានអ្នកបើកឡានជូនទៅ មកដល់ផ្ទះក៏មានអ្នកបម្រើឆ្វេងស្ដាំទទួល ចំណែកម៉ាក់ក៏ដូចគ្នា ប៉ុន្តែនៅពេលនេះគ្រប់យ៉ាងត្រូវរៀបចំដោយខ្លួនឯង ទោះជាពេលដំបូងពួកគាត់នៅមិនទាន់ទម្លាប់នឹងការរស់នៅទីនេះ តែយូរទៅពួកគាត់ក៏អាចសម្របខ្លួនបានយ៉ាងល្អ។ ចំពោះខ្ញុំ ការរស់នៅទីនេះអាចនិយាយថាឯកោខ្លាំងណាស់។ តាំងពីដើមមកខ្ញុំជាមនុស្សស្ងប់ស្ងាត់មិនសូវនិយាយស្ដី ហេតុនេះមកទល់នឹងពេលនេះ ខ្ញុំគ្មានមិត្តភក្តិជិតស្និទ្ធសូម្បីតែម្នាក់ ដែលអាចចែករំលែករឿងក្នុងចិត្តជាមួយបានឡើយ។ ចំណង់ចំណូលចិត្តខ្ញុំនៅតែដដែល នៅតែចូលចិត្តញ៉ាំតែបៃតង គ្រាន់តែការញ៉ាំតែបៃតងនៅ ទីនេះ និងនៅស្រុកកំណើត គឺខុសប្លែកគ្នា។ អ្វីដែលខុសប្លែកគ្នានោះគឺ ‘អារម្មណ៍’…