ស្នេហ៍ក្នុងពិភពសុបិន
ពិតជាសុបិនមួយដែលធ្វើមនុស្សស្រីដែលតែងតែជួបនឹងរឿងស្នេហាខកចិត្តដូចខ្ញុំគេងមិនចង់ភ្ញាក់ពិតមែន ចង់ដឹងទេថាវាជាសុបិនអ្វី? ប្រាប់ចុះក្នុងសុបិននោះ គឺមានមនុស្សប្រុសម្នាក់ ដែលមានរាងខ្ពស់មាឌឌាំង ទឹកមុខស្រស់សង្ហា កាយវិការទន់ភ្លន់ បង្ហាញស្នាមញញឹមប្រកបដោយជំនឿទុកចិត្ត និងមានភាពជឿជាក់ជាទីបំផុត និយាយទៅរាងនិងមុខមាត់ដ៏មានមន្តស្នេហ៍របស់គាត់អាចប្រៀបធៀបសង្ហាដូចតួកុនកូរ៉េល្បីមួយឈ្មោះ Lee Minho ឬ គូជុនព្យូក្នុងរឿង Boys Over Flower នោះអី។
មិនដឹងថាគេជាអ្នកណាទេ ឈ្មោះអីក៏មិនស្គាល់ ថាជាតួកុនដែលខ្ញុំធ្លាប់មើលទៅក៏មិនមែន ធ្លាប់ជួបធ្លាប់ស្គាល់ក៏អត់ដែរ ចម្លែកមិនដឹងខ្ញុំនិមិត្តរូបគេចេញមកយ៉ាងម៉េចក្នុងសុបិនរបស់ខ្ញុំចឹង។ ស្ដាយណាស់អត់បានស្គាល់ឈ្មោះគេ តែអេ ក្នុងសុបិនខ្ញុំដូចជាស្គាល់ឈ្មោះគេតើ គ្រាន់តែពេលភ្ញាក់ឡើងខ្ញុំភ្លេចបាត់ តែរាល់ស្នាមញញឹម និងកាយវិការ ដ៏មានមន្តស្នេហ៍របស់គេ ពិតជាមិនអាចឱ្យខ្ញុំបំភ្លេចបានទេ ចងចាំសឹងតែរាល់ដង្ហើមចេញចូលរបស់គេ។ មិនដឹងថានេះមកពីខ្ញុំងប់ងុលនឹងពិភពសុបិនពេកឬក៏មិនដឹង ឬមកពីពិភពពិតរបស់ខ្ញុំវាពិតជាកម្សត់ពេកទេដឹង។ ខ្ញុំជាមនុស្សស្រីម្នាក់ដែលមានសំបកក្រៅជាថ្ម តែខាងក្នុងសុទ្ធតែជាទឹក ងាយនឹងបែកខ្ញែក ក៏មិនដឹងមកពីអីដែរ គ្មានអ្នកស្រលាញ់ខ្ញុំ គ្មានអ្នកសុំខ្ញុំធ្វើជាសង្សារ ក៏គ្មានអ្នកយកចិត្តទុកដាក់ គ្មានអ្នកណាត់ដើរលេងមើលកុន និយាយទៅគ្មានសង្សារស្នេហាអីនិងគេ។ ពិតខ្ញុំមិនខ្វះទេ អ្នកស្រលាញ់យកចិត្តទុកដាក់នោះហើយ ហើយមានច្រើនទៀតផង តួយ៉ាងដូចជាក្រុមគ្រួសារ មិត្តភក្តិបងប្អូនគឺមានច្រើនណាស់តែអ្វីដែលខ្ញុំខ្វះគឺស្នេហា។