យប់មួយនៅឆ្នេរដាច់សង្វែង

យប់មួយនៅឆ្នេរដាច់សង្វែង


ស្នេហា​ពិត​ជា​មិន​អាច​បង្ខំ​បាន​ទេ​។ ទោះ​បី​យើង​អាច​បាន​ខ្លួន​ប្រាណ​គេ​មក​នៅ​ក្បែរ តែ​បើ​ចិត្ត​គេ​មិន​នៅ​នឹង​យើង ស្នេហា​មួយ​នេះ​ក៏​គ្មាន​ក្ដី​សុខ​បាន​ដែរ​។ ផាវី​ កូន​ស្រី​អ្នក​លក់​មាស​ត្រូវ​ក្រុម​គ្រួសារ​ប្រកាស​ដំណឹង​បាត់​ខ្លួន និង​តាម​ស្វែង​រក​ តែ​គ្មាន​បាន​ដំណឹង​អ្វី​សោះ​។

ស៊ីដេត​ដែល​ស្រលាញ់​ផាវី​ បាន​ចូល​ស្ដី​ដណ្ដឹង​នាង​តាម​ប្រពៃណី តែ​ត្រូវ​គ្រួសារ​ខាង​ស្រី​ប្រកែក ព្រោះ​គេ​នោះ​ជា​អ្នក​ក្រ​។ ដោយ​កំហឹង​ ស៊ីដេត​បាន​ចាប់​ពង្រាត់​នាង​មក​នៅ​កណ្ដាល​ព្រៃ​ស្ងាត់​តែ​ពីរ​នាក់​។ ព្រោះ​តែ​គ្មាន​ចិត្ត​ស្រលាញ់​ស៊ីដេត​ខ្លាំង​ដូច​ដែល​ស៊ីដេត​មាន​ចំពោះ​នាង ម្យ៉ាង​ដោយ​នឹក​គ្រួសារ​ផង ផាវី​បាន​ព្យាយាម​រត់​ចោល​ស៊ីដេត តែ​ត្រូវ​នាយ​ចាប់​យក​មក​វិញ​យ៉ាង​ទីណាត់ទីណែង​កាត់​ព្រៃ កាត់​ខ្សាច់​គួរ​ឱ្យ​សង្វេគ។

ចុង​ក្រោយ ដើម្បី​កុំ​ឱ្យ​នាង​រត់​បាន ស៊ីដេត​បាន​ប្រើ​វិធី​ខាប​ព្រលឹង​នាង​ចេញ​ពី​ខ្លួន​ដែល​គេ​ចេះ​តាម​ជីតា​របស់​គេ ហើយ​ទុក​នាង​នៅ​ក្នុង​ផ្ទះ​ជាមួយ​គេ​រហូត។ តែ​អ្វី​ៗ​បាន​រលាយ​ទៅ​វិញ ដោយ​នាង​ត្រូវ​បាន​គេ​រំដោះ​បាន ទាន់​ពេល​វេលា។