ផ្លែ​ប៉ោម​បី​

ផ្លែ​ប៉ោម​បី​


ព្រេង​និទាន​មួយ​របស់​រឿង​ ១០០១​យប់ ​​និយាយ​ពី​បុរស​ម្នាក់​បាន​សម្លាប់​ប្រពន្ធ​ កាត់​ជា​កង់​ៗ​ដាក់​ហិប​ រួច​យក​ទៅ​បណ្ដែត​ចោល​តាម​ទឹក​ទន្លេ។ ​ក្រោយ​មក​ គេ​បាន​រក​ឃើញ​សាកសព​នោះ ហើយ​​​ដំណឹង​ឃាតកម្ម​នេះ​ក៏​លេច​ឮ​ដល់​ព្រះ​រាជា។ ​ស្ដេច​ផែនដី​ទ្រង់​ជ្រាប​សេចក្ដី​ហើយ មាន​ព្រះ​តម្រិះ​ថា​ត្រូវ​តែ​រក​មុខ​ឃាតករ​នោះ​ឱ្យ​ទាល់តែ​ឃើញ ដើម្បី​យក​មក​កាត់​ទោស​ កុំ​ឱ្យ​អ្នក​ផ្សេង​ទៀត​យក​គំរូ​អាក្រក់​តាម។

សំណុំ​រឿង​ឃាតកម្ម​នេះ​ ស្រាប់តែ​មាន​មនុស្ស​ប្រុស​២​នាក់​ចូល​មក​សារភាព​ថា ​ខ្លួន​ជា​ឃាតករ សម្លាប់​ស្រី​ម្នាក់​នោះ។ បុរស​វ័យ​ចំណាស់​បាន​និយាយ​ប្រាប់​ព្រះរាជា​ថា​ ខ្លួន​ជា​អ្នក​សម្លាប់ ខ្លួន​សុខ​ចិត្ត​ទទួល​ទោស​ឥត​សុំ​តវ៉ា​អ្វី​ឡើយ។ ឯ​ចំណែក​បុរស​វ័យ​ក្មេង​ម្នាក់​ទៀត​វិញ បែរ​ជា​មក​យំយែក​ខ្លាំង​ៗ​រៀបរាប់​អះអាង​ថា ​ការ​ពិត​គឺ​ខ្លួន​ទេ​ទើប​ជា​អ្នក​សម្លាប់​ស្រី​ម្នាក់​នោះ​ពិត​ប្រាកដ។