Lesbian បណ្ដូលចិត្ត
កាវីនបុរសសង្ហាបើករថយន្តបណ្ដើររអ៊ូបណ្ដើរតែម្នាក់ឯង៖ "អ្ហើយ...លោកយាយអើយលោកយាយ! មិនដឹងជាឱ្យចៅមកលេងផ្ទះគូដណ្ដឹងអីទេ..? ចេះមកដណ្ដឹងប្រពន្ធឱ្យចៅស្ងាត់ៗ ដោយចៅមិនដែលឃើញមុខគេអីម្ដងផង នេះបើមុខអាក្រក់ហើយខ្មៅដូចក្ដិតឆ្នាំងទៀតនោះ ខ្ញុំច្បាស់ជាដាច់ផ្ងារមិនខានទេ! ឱ្យតែអាសយដ្ឋានមក បើកឡានមួយថ្ងៃហើយ នៅរកមិនទាន់ឃើញទៀត នៅភ្នំពេញស្រីស្អាតម៉ាគគោកមិនដណ្ដឹងទេ បែរជាមកដណ្ដឹងឯណាដល់ខេត្តបាត់ដំបងឯនេះទៅវិញ! នេះជិតល្ងាចហើយ នៅមិនទាន់រកឃើញទៀត គេប្រាប់ថាមកតាមផ្លូវហ្នឹងហើយតើ!"
រវល់តែរអ៊ូភ្លេចមើលផ្លូវ ស្រាប់តែឮសំឡេងអ្ហូយអ្ហាយ នោះគឺរថយន្តរបស់កាវីនបានបើកប៉ះពៀរជាមួយនឹងម៉ូតូនារី២នាក់បងប្អូន ម្នាក់ប្អូនឈ្មោះរីកា និងម្នាក់បងដែលស្លៀកពាក់ និងអត្តចរិតបែបLesbian នាងមានឈ្មោះថាភូមិរី (ហៅភូមិ)។ ក្រោយពេលប៉ះពៀរគ្នាតិចតួចរួចមក ភូមិរីបានដើរមកសំដៅរថយន្តរបស់កាវីន ភូមិរីនាងក៏ទះតប់និងទាត់រថយន្តរបស់កាវីន៖ "នែ! បើកឡានខ្វាក់ភ្នែកទេអ្ហឺ? បានចំជាមិនបើកភ្នែកមើលអីបែបនេះ?" កាវីនចុះពីរថយន្តមកតទល់គ្នានឹងភូមិរី៖ "នែនាង! មកទាត់ធាក់រថយន្តខ្ញុំបែបនេះ មានលុយសងដែរទេ? នាងដឹងទេ ឡានខ្ញុំថ្លៃណាស់ណា?"
"អឺ..! ដឹងណាវើយ ថាឡានឯងនេះវាថ្លៃ តែឯងដែលជាអ្នកបើកនេះវាថោក បើកឡានមិនដឹងអីមកពៀរខ្ញុំបែបនេះ!"