លោកម្ចាស់សម្លាញ់ចិត្ត
ប្អូនប្រុសរបស់ចរិយារើសបានខ្សែកពណ៌ស បន្តោងចំណិតព្រះចន្ទមួយខ្សែនៅតាមផ្លូវ។ ដោយយល់ថាវាជារបស់មនុស្សស្រី គេក៏ឱ្យទៅចរិយា។
ចរិយាមិនដឹងថាខ្សែកនោះផលិតពីវត្ថុធាតុអ្វីនោះទេ ហេតុនេះហើយនាងក៏មិនបានចាប់អារម្មណ៍អីនឹងវាដែរ។ តែនៅយប់មួយនោះ ចរិយាស្រាប់តែខូចឡានតាមផ្លូវ ផ្លូវម្ដុំណាក៏នាងមិនដឹង គ្មានមនុស្សជិះកាត់ នៅសង្ខាងសុទ្ធតែព្រៃ សំឡេងសត្វយំគួរឱ្យខ្លាច។
គ្រានោះហើយដែលរឿងមិននឹកស្មានមួយកើតឡើង! ចរិយាស្រាប់តែឆ្លងភពទៅក្នុងសម័យអង្គរដ៏រុងរឿង ទៅកាន់ក្នុងភូមិមួយដែលមានអ្នកគ្រប់គ្រងម្នាក់នៅចាំមើលការខុសត្រូវ។ អ្នកគ្រប់គ្រងនោះ ត្រូវបានអ្នកភូមិគេហៅថា «លោកម្ចាស់»។ ទៅដល់ទីនោះភ្លាម ចរិយាត្រូវគេថាជាជនក្បត់ដែលបន្លំខ្លួនចូលមកក្នុងភូមិ ព្រោះនាងស្លៀកពាក់ប្លែកពីគេ។