កូន​ក្រមុំ​ផ្កា​ស្លា

កូន​ក្រមុំ​ផ្កា​ស្លា


ម៉ាក​គឺជា​កូន​ប្រុស​ទោល​ក្នុង​គ្រួសារ​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ភ្នំពេញ​។​​ អ្នក​​​ប្រុស​កំលោះ​មាន​ចរិត​រាង​ឆ្មើងឆ្មៃ​បន្តិច​​តាម​ទម្លាប់​​កូន​អ្នក​​មាន ប៉ុន្តែ​គេ​ក៏​ព្រម​មក​ចុះ​ចាញ់​ត្រឹម​ដុកទ័រ​​ក្រមុំ​ខេត្ត​ព្រះសីហនុ​។ មុន្នី​មាន​ម្ដាយ​​ជា​ម្ចាស់​សណ្ឋាគារ​តូច​មួយ​នៅ​​ទី​នោះ តែ​ស្រី​ពេញចិត្ត​នឹង​ការងារ​ជា​គ្រូពេទ្យ​ទៅ​វិញ​។ ម៉ាក​និង​មុន្នី​មិន​ត្រូវ​គ្នា​តាំងពី​ជួប​គ្នា​លើក​ដំបូង ប្រៀប​ដូច​ធ្មេញ​និង​អណ្ដាត ព្រោះ​ម៉ាក​មាន​សម្ដី​​មិន​សម​រម្យ​មក​លើ​មុន្នី ដោយ​តាមតែ​ចរិត​របស់​គេ ។ ក្រោយៗ​មក​ម៉ាក​បាន​ជួប​នាង​នៅ​មន្ទីរពេទ្យ​ទៀត ព្រោះ​គេ​ពុល​អាហារ និង​ពេល​ដែល​អ្នក​​មាន​គ្រោះថ្នាក់​ចរាចរណ៍ ទោះជា​ស្អប់​មុខ​ម៉ាក ​ក៏​មុន្នី​មិន​យក​រឿង​ផ្ទាល់​ខ្លួន​មក​ឡូកឡំ​នឹង​ការងារ​ដែរ នាង​មើលថែ​រទាំ​អ្នក​​ជំងឺ​យ៉ាង​ល្អ​តាម​តួនាទី​។ មាន​មួយ​លើក​នោះ កំលោះ​យើង​លង់​ទឹក ​ព្រោះ​គេ​រមួលក្រពើ ចៃដន្យ​ល្អ​ណាស់​ដែល​មុន្នី​បាន​ឃើញ​ទាន់​ ហើយ​ប្រញាប់​​ចុះទៅ​ជួយ ពេល​ម៉ាក​បាន​ដឹង​ខ្លួន គេ​រក​ចង់​អរគុណ​ដែរ​តែ​ស្រី​ត្រឡប់​ទៅ​វិញ​យ៉ាង​រហ័ស ទាំងពីរ​នាក់​បែរ​​មាន​អារម្មណ៍​ចម្លែក​ខុសធម្មតា​ទៅ​វិញ​។ អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​បាន​កើតឡើង ម៉ាក​ហាក់​បាន​ដឹង​ខ្លួន​ថា​គេ​ចាប់ចិត្ត​ទៅលើ​ដុកទ័រ​ក្រមុំ​ហើយ អ្នក​​ក៏​តាំង​ជួប ចង់បាន​នៅ​ជិត តែ​មិន​ហ៊ាន​សារភាព​ប្រាប់ ព្រោះ​ធម្មតា​ពួកគេ​មិន​ជា​ត្រូវ​គ្នា​ទេ​។ ក្រោយ​រឿងរ៉ាវ​គ្រួសារ​មុន្នី​បាន​បញ្ចប់ ព្រោះ​ប៉ា​របស់​នាង​បាន​មក​ជួប​ជុំ​គ្រួសារ​​វិញ ទាំង​ដែល​នាង​មិនដែល​ឃើញ​មុខ​តាំងពី​កើត តែ​នៅ​ថ្ងៃ​មួយ​ម៉ាក​ឃើញ​បុរស​ម្នាក់​នៅ​ជាមួយ​នាង​យ៉ាង​ស្និទ្ធស្នាល គេ​បែរ​​យល់ថា​ជា​សង្សារ​​​នាង វា​បាន​ធ្វើ​ឱ្យ​​បុរស​សម្បូរ​ស្នេហ៍​ម្នាក់​នេះ ​មានការ​ខូចចិត្ត ទើប​ព្រម​ត្រឡប់​មក​ភ្នំពេញ​វិញ​ទាំង​ខក​ស្នេហ៍​។ កន្លង​ផុត​ទៅ​ប៉ុន្មាន​ខែ នរៈ​សង្ហា​បាន​មក​លំហែ​កាយ​ម្ដង​​ទៀត​ តែ​ខ្លួន​គេ​បាន​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​។ គេ​បាន​យល់​រឿង​ដែល​បាន​កើតឡើង ការពិត​មុន្នី​គ្មាន​សង្សារ​​ទេ ទើប​ម្ដង​​នេះ​ម៉ាក​សម្រេច​សារភាព​ប្រាប់​ស្រី មុន្នី​វិញ​ក៏​យល់​ព្រម​។ ចុងក្រោយ​ផ្កា​ស្លា​មកដល់​មុខ​ផ្ទះ នាង​បាន​ធ្វើ​ឱ្យ​​ម្ដាយ​នាង​រីករាយ​ញញឹម​បិទមាត់​មិន​ជិត ព្រោះ​ដោយសារ​ការ​រំលង​ប្រពៃណី​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​​មុន្នី​រស់នៅ​គ្មាន​ប៉ា​ជាង​២០​ឆ្នាំ​។