ម្នាក់នេះជាមនុស្សដែលខ្ញុំស្រឡាញ់
នេះជាសាច់រឿងថ្មីបន្តពីរឿង «ម្នាក់ប្រុសនោះជាអ្នកណា?» ដែលតួអង្គធានីមានការចងចាំមកវិញក្នុងរយៈពេលបួនឆ្នាំ។ ធានីសម្រេចចិត្តមករស់នៅភ្នំពេញម្ដងទៀត ពេលដែលថ្នាក់លើរបស់ឪពុកនាងចូលស្ដីដណ្ដឹងនាងឱ្យកូនប្រុសរបស់ខ្លួន។ ដែលចៃដន្យ ប្រុសម្នាក់នោះមានឈ្មោះសុគន្ធ ដូចស្នេហ៍គ្រាដំបូងរបស់នាងដែរ។ ខណៈពេលដែលខាងប្រុសចាប់ផ្ដើមបាក់ចិត្តស្រឡាញ់នាង ធានីនៅតែមានះមិនទទួលយកបុរសនោះឡើយ។ តែនៅពេលដែលនាងបានជួយបុរសខ្មោចចូលម្នាក់ នាងក៏ចាប់ផ្ដើមខ្លាចក្នុងការបាត់បង់គេ ខ្លាចគេមានគ្រោះថ្នាក់ព្រោះតែវិញ្ញាណអាក្រក់ ដូច្នេះនាងក៏សម្រេចចិត្តគេចចេញពីគេ សូម្បីតែថ្ងៃដែលឪពុករបស់សុគន្ធស្លាប់ក៏លួចទៅចូលរួមមិនឱ្យគេដឹងដែរ។ ការធ្វើបែបនោះ ធ្វើឱ្យសុគន្ធយល់ថានាងមិនបានស្រឡាញ់គេ ទើបគេប្រកាន់ចិត្តខឹង។ តែនៅពេលដែលដឹងការពិត ទើបសុគន្ធផ្លាស់ប្ដូរគំនិតថានឹងមិនលែងដៃនាងដាច់ខាត។