លីឆរ៉ាស្វាមីខ្ញុំ
ដាវីបានយល់ព្រមរៀបការជាមួយបុរសម្នាក់ឈ្មោះលីឆរ៉ា ដោយម្ដាយចុងលីឆរ៉ាធានាសងបំណុលដែលឪពុកនាងជំពាក់ទាំងអស់។ លីឆរ៉ាមិនពេញចិត្តនឹងម្ដាយចុងរបស់ខ្លួនទេ ហេតុនេះហើយទើបគេស្អប់ដោយទាំងដាវីទៀត ព្រោះគិតថានាងជាដៃជើងរបស់ម្ដាយចុងខ្លួន ដែលគ្រាន់តែចង់បានទ្រព្យសម្បត្តិរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកដាវីវិញ នាងមិនបានមានចិត្តលោភលន់អ្វីនឹងទ្រព្យសម្បត្តិតាមម្ដាយក្មេករបស់នាងនោះ នាងគ្រាន់តែដឹងថា នាងត្រូវធ្វើជាភរិយាល្អ និងកូនប្រសាល្អរបស់ផ្ទះនេះប៉ុណ្ណោះ។ ដោយសារតែអំពើល្អនេះហើយទើបធ្វើឱ្យលីឆរ៉ាចាប់ផ្ដើមទន់ចិត្តលើដាវីបន្តិចៗម្ដង។ តែនៅថ្ងៃមួយ លីឆរ៉ាខឹងនឹងដាវីយ៉ាងខ្លាំង ដោយសារនាងមានបំណងយកឯកសារផ្ទេរមរតកឱ្យរូបគេស៊ីញេខណៈគេកំពុងស្រវឹង។ គេដឹងខ្លួនទាន់ ហើយបានទះនាងមួយកំផ្លៀង ព្រមទាំងបណ្ដេញនាងចេញពីផ្ទះទៀតផង។ ការពិតដាវីគ្មានគំនិតអាក្រក់អ្វីនោះទេ តែដោយសារម្ដាយចុងលីឆរ៉ា គំរាមសម្លាប់ឪពុករបស់នាង ទើបនាងបង្ខំចិត្តបែបនេះ។ ទម្រាំដឹងការពិត ហើយប៉ូលិសទៅដល់ ដាវីត្រូវម្ដាយចុងរបស់លីឆរ៉ាធ្វើបាប ស្ទើរស្លាប់ស្ទើររស់។ ភ្លាមនោះ ដោយអស់ផ្លូវដើរ នីភាវុទ្ធដែលត្រូវជាប្អូនប្រុសចុងរបស់លីឆរ៉ាបានបាញ់គេមួយគ្រាប់ តែនារីកម្សត់ដាវីបែរជាស្ទុះមករងគ្រាប់ជួសស្វាមីខ្លួន។