មនុស្ស​ស្មោះ​ចេះ​ក្បត់

មនុស្ស​ស្មោះ​ចេះ​ក្បត់


ជូឡាយ​​គឺ​ជា​កូន​មន្ត្រី​រាជការ​ថៃ​មួយ​រូប​ ដែល​សិក្សា​នៅ​មហាវិទ្យាល័យ​ជូឡាឡុងកន ហើយ​ទី​នោះ​គឺ​ជា​កន្លែង​ដែល​នាង​បាន​ជួប​និត​វិសុន​ ជា​និស្សិត​ខ្មែរ​ដែល​បាន​ជាប់​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​ទី​នោះ។ ពួក​គេ​បាន​ទាក់​ទង​គ្នា​ជា​គូ​ស្នេហ៍​​រយៈ​ពេល​ពីរ​ឆ្នាំ។ ជូឡាយ​ជា​អ្នក​សុំ​វិសុន​បែក​គ្នា ព្រោះ​នាង​ប្រចណ្ឌ​គេ​ផង ចង់​បង្កើត​ជម្រើស​ឱ្យ​ខ្លួន​ឯង​ផង។ ក្រោយ​បញ្ចប់​ការ​សិក្សា​ជូឡាយ​បាន​ត្រឡប់​មក​ធ្វើ​ការ​នៅ​ភ្នំពេញ​ ហើយ​ក៏​បាន​ជួប​និត​វិសុន​ម្ដង​ទៀត ក្រោយ​បែក​គ្នា​រយៈ​ពេល​បួន​ឆ្នាំ។ ពេល​បាន​ជួប​និត​វិសុន​ម្ដង​ទៀត ទើប​នាង​ស្គាល់​ច្បាស់​ពី​ចិត្ត​ខ្លួន​ឯង​ថា​ ការ​ពិត​នាង​នៅ​ស្រឡាញ់​គេ​នៅ​ឡើយ​ទេ គ្រាន់​តែ​កាល​នោះ​នាង​នៅ​ក្មេង​ពេក មិន​ទាន់​ចេះ​គិត​។ អ្វី​ដែល​និត​វិសុន​ធ្វើ​ចំពោះ​នាង នាង​មាន​អារម្មណ៍​ថា​គេ​ក៏​នៅ​តែ​ស្រឡាញ់​នាង​ដែរ ប៉ុន្តែ​ម្នាក់ៗ​ហាក់​មិន​ក្លាហាន​ក្នុង​ការ​បង្កើត​ស្នេហា​នេះ​ឡើង​ម្ដង​ទៀត។ មាន​ថ្ងៃ​មួយ​ វិសុន​បាន​បាត់​មុខ​ពី​ជូឡាយ​ដល់​ទៅ​មួយ​ខែ ហើយ​ជូឡាយ​ក៏​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ហូឡង់​ទៀត​... តែ​អ្វី​ដែល​គួរ​ឱ្យ​រន្ធត់​ចិត្ត​គឺ និត វិសុន​បាន​​អញ្ជើញ​នាង​ទៅ​ចូល​រួម​មង្គល​ការ​របស់​គេ។ ជូឡាយ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ហើយ​ទើប​ដឹង​ការ​ពិត​ថា​វិសុន​គ្រាន់​តែ​ចង់​បង្រៀន​នាង​ឱ្យ​ស្គាល់​រសជាតិ​ឈឺ​ចាប់​ដូច​គេ​ប៉ុណ្ណោះ។ ដូច្នេះ​ជូឡាយ​ក៏​សម្រេច​ចិត្ត​ទៅ​ហូឡង់​ និង​មិន​ត្រឡប់​មក​ភ្នំពេញ​វិញ​ដាច់​ខាត។